Connect with us

ប្រវត្តិសាស្ត្រ

អត់ដែលដឹងសោះថា នៅពីក្រោយប្រាសាទបាភួន មានចម្លាក់ព្រះពុទ្ធបរិនិព្វានដ៏ធំមួយប្រវែងជិត១០០ម៉ែត្រ

Published

on

(សៀមរាប)៖ នៅពាក់កណ្ដាលសតវត្សទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) បានស្ថាបនាប្រាសាទបាភួន ឬបាពួននេះឡើង ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ស្ថិតនៅទិសពាយ័ព្យនៃប្រាសាទបាយ័ន្ត និងនៅខាងត្បូងប្រាសាទភិមានអាកាស។

ប្រាសាទបាភួនមានឈ្មោះដើមហៅថា «ត្រីភូវនចូឌាមណី» ក្រោយមកនៅសល់ត្រឹម «ត្រីភូវន» ដែលមានន័យថា «អ្នកគ្រប់គ្រងលើភពទាំងបី»។ ឯពាក្យថា «បាភួន» មកពីពាក្យ «បា» មានន័យថា «ព្រះ» និងពាក្យថា «ភួន» ក្លាយមកពី «ភូវន» នោះឯង ហើយឈ្មោះបាភួននេះ ត្រូវបានអ្នកស្រុកអង្គរហៅរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងសិលាចារឹកសម័យលង្វែក បុព្វបុរសបានប្រើពាក្យថា «ហេមាទ្រី» មានន័យថា «ភ្នំមាស» គឺចង់សំដៅទៅលើប្រាសាទបាភួននេះឯង។

ពាក្យទាំងនេះមានខ្លឹមសារស្របគ្នានឹងកំណត់ត្រារបស់បេសកទូតចិនលោក ជីវ តាក្វាន់ (Zhou Daguan) ដែលបានមកធ្វើទស្សនកិច្ចនៅរាជធានីអង្គរ (យសោធរបុរៈ) កាលពីអំលុងគ្រិស្ដសករាជ ១២៩៦ ដោយក្នុងនោះលោក ជីវ តាក្វាន់ លោកបានរៀបរាប់ថា «ព្រះបរមរាជវាំង (សំដៅលើប្រាសាទភិមានអាកាស) ស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាស និងស្ពានមាស»។ ប្រាសាទនេះមានរាងជាប្រាសាទភ្នំ កសាងឡើងអំពីថ្មភក់ បែរមុខទៅទិសខាងកើត និងមានគ្រឹះធ្វើអំពីថ្មបាយក្រៀម។ តួប្រាសាទមានទំហំបណ្ដោយប្រវែងលិច-កើត ១២០ម៉ែត្រ ទទឹងជើង-ត្បូង ១០០ម៉ែត្រ និងកម្ពស់ ៥០ម៉ែត្រ។ ប្រាសាទបាភួនមានខឿន ៣ ថ្នាក់ ខណៈថ្នាក់នីមួយៗមានគោបុរៈ និងបង្អួចចំហ ព្រមទាំងមានក្បាច់ចម្លាក់ដ៏ល្អត្រកាល។ រីឯកំពែងព័ទ្ធជុំវិញមានទំហំ ៤២៥ គុណនឹង ១២៥ ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នរូបរាងរបស់កំពែងបានបាក់បែករលំជាច្រើនអន្លើទៅហើយ។

នៅខាងមុខតួប្រាង្គប្រាសាទមានស្ពានមួយប្រវែង ២០០ ម៉ែត្រ និងទទឹង ២.៥ ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ ដើម ឈរជាបីជួរទន្ទឹមស្មើគ្នា។ ស្ពាននេះទៀតសោត កសាងឡើងដើម្បីជាតំណាងឲ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។នៅជាន់ទី២ ផ្នែកខាងលិច មានចម្លាក់ព្រះពុទ្ធបរិនិព្វានមួយអង្គធំ កម្ពស់ ៩ ម៉ែត្រ ប្រវែង ៧០ ម៉ែត្រ ដែលផ្គុំឡើងដោយថ្មធំៗ ដូច្នេះទើបពិបាកពិនិត្យមើលឲ្យឃើញច្បាស់ រួមផ្សំនឹងការបាក់បែកខូចខាតផង។ ព្រះពុទ្ធរូបបរិនិព្វាននេះ ត្រូវបានផ្គុំឡើងនៅសម័យលង្វែក នៅកំលុងសតវត្សទី១៦ ក្រោយការកសាងប្រាសាងនេះទេ។ ម្យ៉ាងទៀត នៅតាមជញ្ជាំងមានក្បាច់រចនា និងរូបចម្លាក់រឿងរាមកេរ្ដិ៍យ៉ាងល្អឆើត គួរឱ្យចង់គយគន់ ព្រមទាំងចម្លាក់ផ្សេងៗទៀត ដូចជា ចម្លាក់ល្បែងកីឡាជាដើម៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020